គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

Thnot d’Or ២០២៣ : និស្សិតចំនួន១០ក្រុមឈានទៅវគ្គផ្តាច់ព្រ័ត្រ

កាលបរិច្ឆេទ: ១០ ឧសភា ២០២៣

និស្សិត៥ក្រុមមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២ក្រុមមកពីសាកលវិទ្យាល័យបាត់ដំបង ១ក្រុមមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ១ក្រុមមកពីវិទ្យាស្ថានសន្តប៉ូល និង១ក្រុមទៀតមកពីវិទ្យាស្ថានជាតិបច្ចេកវិទ្យាកំពង់ស្ពឺត្រូវបានជ្រើសរើសទៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ការ​ប្រកួត​ពានរង្វាន់ Thnot d’Or 2023 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ មិថុនា ខាងមុខ។

បន្ទាប់ពីមានការជជែកពិភាក្សាជាមួយក្រសួងកសិកម្ម ប្រធានបទដែលត្រូវបានជ្រើសរើសសម្រាប់ឆ្នាំនេះគឺទាក់ទងនឹងត្រីប្រហុក។ តើធ្វើយ៉ាងណាដើម្បីឲ្យត្រីប្រហុកដែលជាផលិតផលខ្មែរសុទ្ធសាធទទួលបានជោគជ័យសម្រាប់ការនាំចេញ និងក្លាយជានិមិត្តរូបរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិផ្នែកសិល្បៈនៃការចម្អិនម្ហូបអាហារ? នេះជាចំណោទបញ្ហាដែលបេក្ខជនត្រូវដោះស្រាយ។

និស្សិតចំនួន១០ក្រុមដែលគណៈមេប្រយោគជ្រើសរើសក្នុងចំណោម៣៩ក្រុម សម្រាប់ឆ្លងចូលរួប​ប្រកួត​នៅ​វគ្គផ្តាច់ព័្រត្រ ដោយ​ពួកគេ​នឹងត្រូវធ្វើបទបង្ហាញផ្ទាល់មាត់ពីភាពច្បាស់លាស់ និងអាចធ្វើបានរបស់គម្រោងរបស់​ពួកគេ ព្រមទាំងឆ្លើយសំណួររបស់គណៈមេប្រយោគ។

ខាងក្រោមនេះជាគម្រោងចំនួន១០ដែលត្រូវបានជ្រើសរើសទៅវគ្គផ្តាច់ព័្រត្រ។ សូមបញ្ជាក់ថា គម្រោងខ្លះមើលទៅប្រហាក់ប្រហែលគ្នា ប៉ុន្តែដំណើរការនៃការផលិតគឺខុសគ្នាៈ

១. ចម្អិនប្រហុកជាមួយអំពិលទុំ ឬលាយជាមួយគល់ស្លឹកគ្រៃ រួចវេចខ្ចប់ក្នុងកែវ ឬកំប៉ុងជ័រដែលអាចយកទៅកែច្នៃបាន។

២. សម្ងួតត្រីប្រហុកដោយប្រើសារធាតុសម្ងួតដែលចម្រាញ់ចេញពីបន្លែក្នុងអំឡុងពេលហាលត្រីប្រហុក។ បន្ទាប់មកយកទៅបម្លែងឲ្យក្លាយជាម្សៅប្រហុក។

៣. ធ្វើត្រីប្រហុកជាដុំតូចៗដូចស៊ុបដុំខ្នរ អាចជាប្រហុកសុទ្ធ ឬប្រហុកលាយក្រសាំង និងអំពិលទុំ។

៤. ធ្វើជាគ្រឿងការីប្រហុកជាដុំតូចៗដូចស៊ុបដុំខ្នរដោយប្រើប្រហុកត្រីរៀលខេត្តកំពង់ចាម និងគ្រឿងផ្សំផ្សេងៗទៀត។

៥. បម្លែងត្រីប្រហុកទៅជាម្សៅប្រហុកដែលមាន​ «រសជាតិដើម» «រសជាតិម្ទេស» «រសជាតិអំពិលទុំ»។

៦. បម្លែងត្រីប្រហុកទៅជាម្សៅប្រហុក។

៧. ផលិតទឹកជ្រលក់ធ្វើពីប្រហុកដោយសម្របតាមរសជាតិអន្តរជាតិ ជាពិសេសដោយប្រើខ្ទឹមស និងផ្លែម្នាស់។

៨. ផលិតជាប្រហុកឆ្អិនវេចខ្ចប់ក្នុងកំប៉ុងបិទជិត ប្រហុកឆៅវេចខ្ចប់ក្នុងកំប៉ុងបិទជិត និងជាម្សៅប្រហុក។

៩. បម្លែងត្រីប្រហុកទៅជាម្សៅប្រហុក។

១០. បម្លែងត្រីប្រហុកទៅជាម្សៅប្រហុកស្ងួត និងជាសាច់ប្រហុកកិនម៉ត់សើមប៉ិៗ។

តើគម្រោងមួយណាដែលមានភាពច្បាស់លាស់ជាងគេ និងធ្វើបានល្អជាងគេ? សូមរង់ចាំចម្លើយនៅថ្ងៃទី១៧ មិថុនា​ខាងមុខ។ បង្កើតឡើងកាលពីឆ្នាំ២០១៧ដោយមូលនិធិគីណាល់ដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីនយោបាយទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសហគ្រាស-ប៉េប៉េអឹម​-ខនហ្វីរេល ពានរង្វាន់ Thnot d’Or មានបំណងជំរុញលើកទឹកចិត្តនិស្សិតផ្នែកកសិ-ចំណីអាហារ និងផ្នែកផលិតផលិតផលកសិកម្មឲ្យធ្វើការងារស្រាវជ្រាវ និងច្នៃប្រឌិតដើម្បីក្លាយជាតួអង្គមួយសំខាន់សម្រាប់ការអភិវឌ្ឍជនបទ៕